(ស្ទឹងត្រែង )៖ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង០៣ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងក្រុងស្ទឹងត្រែង។
ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានឡើងអានសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង អាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជន ។
ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ ដល់សមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕