រតនគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរីនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនអ្នកកាសែតម្នាក់និងមន្ត្រីសាធារណៈការនិងដឹកជញ្ជូនម្នាក់ទៅតុលាការ ពាក់ព័ន្ធការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។
សូមរំឮកថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សាខាគយនិងរដ្ឋាករសហការជាមួយកងរាជអាវុធហត្ថទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ពេលឈប់នៅផ្សារទំនើបស៊ីត្រា បើកបរដោយអ្នកកាសែតម្នាក់។
បន្ទាប់ពីឃាត់ខ្លួនអ្នកសារព័ត៌មានបញ្ជូនទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ឈានដល់ឃាត់ខ្លួនមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តម្នាក់ទៀត ពាក់ព័ន្ធប្រើប្រាស់ឯកសារសាធារណៈក្លែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ក្នុងនោះទី១.ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(BNN) រស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។ ទី២.ឈ្មោះ លី លីន ភេទប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ចំពោះវត្ថុតាងដកហូតរួមមាន: ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយចំនួន០១សន្លឹក ប័ណ្ណសម្គាល់ការបង់ពន្ធចំនួន០១សន្លឹក វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តចំនួន០១សន្លឹក៕ អត្ថបទ+រូបភាព ដោយៈ ភ្នាក់ងារ