មណ្ឌលគិរី៖ រយៈពេល២ថ្ងៃទៅហើយ ដែលសមត្ថកិច្ចនៃខេត្តមណ្ឌលគិរីស្វះស្វែងជួយរុះរើគំនរបាក់បែក និងប្រើប្រាស់រថយន្តស្ទួចចំនួន២គ្រឿងដើម្បីស្ទួចរថយន្តដឹកសុីទែនហ្គាសដែលផ្ទុកហ្គាសពេញណែន រហូតអាចស្វែករកតៃកុងឃើញ តែអកុសល្យ រូបគេបានស្លាប់ក្នុងកាប៊ីនរថយន្តទៅហើយ។
សមត្ថកិច្ចបានកំណត់អត្តសញ្ញាណតៃកុងនោះថា មានឈ្មោះសឿង សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំទីលំនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។សមត្ថកិច្ចក៏កំពុងទាក់ទងក្រុមគ្រួសារនៃសពអោយមកទទួលទៅធ្វើបុណ្យហើយដែរ។
គួររំលឹកថាមនុស្សប្រុសស្រីចំនួន ០៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដោយរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿងរបស់ក្រុមហ៊ុនតារាសុីធី បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ នៅក្រុងសែនមនោរម្យ កាលពីវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា រថយន្តបង្ករម៉ាកវេអង ផ្លាកលេខ3E ភ្នំពេញ4191,
ចំណែកម្ចាស់តូបរងគ្រោះមានចំនូន៦នាក់ ម្ចាស់តូបទី១ឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល។ ម្ចាស់តូបទី០២ឈ្មោះខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល និងឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។ ម្ចាស់តូបទី៣ ឈ្មោះហ៊ុន មូលីកា ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល រស់នៅភូមិសង្កាត់កើតហេតុខាងលើ៕