(ភ្នំពេញ)៖ យ៉ាងហោចណាស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចឃាត់ខ្លួន ក្រោយស៊ើបអង្កេតលើករណីបង្រ្កាបល្បែងស៊ីសងជល់មាន់តាមអនឡាញបណ្ដាលឱ្យមានបុរសម្នាក់ស្លាប់។ នេះបើតាមទំព័រហ្វេសប៊ុក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ព្រមទាំងបានចែករំលែកនូវលិខិតស្តីពីសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសជុំវិញរឿងនេះជាសាធារណៈផងដែរ។

នៅក្នុងខ្លឹមសារនោះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំដែលចាប់ខ្លួនទាំង០២រូបនោះ រួមមាន៖ ១៖ ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២៖ ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

ទាក់ទងនឹងការឃាត់ខ្លួនយោធិនទាំងពីរនេះ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) និងការស្លាប់ជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅព្រឹកវេលាម៉ោង៩៖០០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ទីកន្លែងសាលប្រជុំនៃបញ្ញាការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

សូមរំឮកថា កាលពីថ្ងៃទី០៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបករណីជល់មាន់តាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១ គ្រឿង CPU ចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ខ័ន បានទទួលមរណភាព បន្ទាប់ពីមានការសង្កត់កអំឡុងពេលបង្ក្រាប។
ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបណ្ជាឲ្យធ្វើការត្រួតពិនិត្យស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំតែម្តង។

បន្តាប់ពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធីរួចមក ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូប មានជាអាទិ៍៖ ១៖ ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២៖ ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed