រដ្ឋបាលក្រុងបាត់ដំបងកាត់មែកដើមគគីរអាយុកាល១០០ឆ្នាំ ដែលពុក ងាប់ និងគងមកលើផ្លូវក្នុងក្រុងបាត់ដំបងបង្កការរំខានដល់ការរស់នៅប្រជាពលរដ្ឋ។ មន្ត្រីជំនាញពាក់ព័ន្ធបានចុះធ្វើការងារនេះចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ៣ ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងចេញ នាថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ ។
អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានឲ្យដឹងថា អាជ្ញាធរក្រុង មន្ទីរជំនាញកសិកម្មរ សាធារការ និងដឹកជញ្ជូន រួមនឹងអគ្គីសនីខេត្ត បានសហការគ្នាចុះកាត់មែកដើមគគីរដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រពលរដ្ឋ។ លោកបញ្ជាក់ថា ការកាត់មែកដើមគគីរនេះ គឺកាត់តែមែកណាដែលងាប់ មែកពុក និង មែកដែល គ្របលើដងផ្លូវ ដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ជិះឆ្លងកាត់ ពេលមានភ្លៀងធ្លាក់ មានខ្សល់ អាចបាក់សង្កត់ដោយប្រការណាមួយ ។ លោកបន្ថែមថាក្នុងដំណាក់កាលនៃការកាត់មែកគគីរក្នុង ក្រុងបាត់ ដំបងនេះ គឺមានការបិទផ្លូវមិនអោយធ្វើចរាចរណ៍ខ្លះនៅចំណុចណាដែលក្រុម បច្ចេកទេសធ្វើ ការកាត់ និង សម្អាត ដូច្នេះលោកស្នើអោយបងប្អូនប្រជាពលរដ្ឋមានការយោគយល់។
សូមបញ្ជាក់ថា ការចាប់ផ្តើមកាត់មែកគគីរនេះ ក្រោយពីបានទទួលការប្រជុំណែនាំ ចង្អុលបង្ហាញ និងបញ្ជាផ្ទាល់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហា សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ៕