ស្ទឹងត្រែង៖ ឧបករណ៍កែច្នៃបម្រើឲ្យការចាប់ និងបរបាញ់សត្វព្រៃមួយចំនួនធំ ត្រូវមន្ត្រីជំនាញធ្វើពិធីដុតកម្ទេចចោល បន្ទាប់ពីរឹបអូសបានពីជនល្មើស។ ពិធីដុតសម្ភារៈល្មើសនេះបានធ្វើឡើងនាពេលថ្មីៗកន្លងទៅ នៅទីតាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា
យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។

ឯកឧត្ដម សាយ សំអាល់ បន្តថា វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ ដោយនេះបញ្ហារួមមួយ ដែលក្រសួងបរិសា្ថន គិតគូរបង្ការ និង ទប់ស្កាត់ នូវសកម្មភាព ការដាក់អន្ទាក់យកសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់នឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។

សូមបញ្ជាក់ថា អាវុធកែច្នៃនិងអន្ទាក់ដាក់សត្វព្រៃ ដែលបំផ្លាញចោលខាងលើនេះរួមមាន៖ កាំភ្លើងកែច្នៃ (ខ្យល់)៣១ដើម កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម ស្នាតេះ ៦១ដើម ក្បាលឆក់ ៧១គ្រឿង ខ្សែអន្ទាក់ ៣.៣២៧ខែ្ស ម៉ងដាក់ស្វា ២៦ត្បូង ដាយ ៦០ម៉ែត្រនិងអង្គប់ ៥៨៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed