ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ករណីបង្ក្រាបល្បែងភ្នាល់ជល់មាន់តាមអនឡាញបណ្ដាលឱ្យស្លាប់បុរសម្នាក់
(ភ្នំពេញ)៖ យ៉ាងហោចណាស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចឃាត់ខ្លួន ក្រោយស៊ើបអង្កេតលើករណីបង្រ្កាបល្បែងស៊ីសងជល់មាន់តាមអនឡាញបណ្ដាលឱ្យមានបុរសម្នាក់ស្លាប់។ នេះបើតាមទំព័រហ្វេសប៊ុក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ព្រមទាំងបានចែករំលែកនូវលិខិតស្តីពីសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសជុំវិញរឿងនេះជាសាធារណៈផងដែរ។ នៅក្នុងខ្លឹមសារនោះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំដែលចាប់ខ្លួនទាំង០២រូបនោះ រួមមាន៖ ១៖ ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២៖ ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។…