សម្តេចធិបតី ប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក…