សៀមរាប៖ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 Rally ដែលប្រមូលផ្ដុំទៅដោយរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណិតៗជាច្រើនទៀត បានបង្ហាញវត្ដមាននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្ដិការណ៍អន្ដរជាតិដ៏ពិសេសនេះប្រព្រឹត្ដិទៅដោយភាពអស្ចារ្យ និងអាចចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌ជាតិកម្ពុជាទៅកាន់ពិភពលោក។

ព្រឹត្ដិការណ៍ Gumball 3000 Rally អាចនឹងបង្កើតកំណត់ត្រាពិភពលោក (Guinness World Record) ដ៏ធំមួយនៅខាងមុខប្រាសាទអង្គរវត្តដែលបានប្រមូលផ្ដុំរថយន្ដទំនើបៗ និងប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក។

កាលពីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ម្ចាស់រថយន្តទំនើបជាច្រើនមកពីអន្តរជាតិនិងជាតិបានប្រមូលផ្តុំគ្នានៅមុខព្រះរាជដំណាក់នៃខេត្តសៀមរាប។ ក្នុងនោះដែររថយន្តទំនើបៗ ជាច្រើនបានបើកចូលមកចតម្តងមួយគ្រឿងៗ ខណៈមានអ្នកមករង់ចាំទស្សនារូបភាព និងស្តាប់សំឡេងដ៏អស្ចារ្យពីរថយន្តទំនើបៗ ទាំងអស់នោះ។ លើសពីនេះ ក៏មានការចូលរួមពីតារាល្បីៗ បុគ្គលសាធារណៈ និងអ្នកជំនួញ ពីក្នុងជាតិ និងអន្តរជាតិដែរ។

មិនថាភ្ញៀវជាតិនិងអន្តរជាតិបាននាំគ្នាឈរជុំវិញការដាក់តាំងបង្ហាញរថយន្តរបស់ Gumball 3000 Rally ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ និងទស្សនាព្រឹត្តិការណ៍នេះ។

ជាក់ស្ដែង លោកស្រី ធីតា និងស្វាមី ជាជនជាតិបរទេសរស់នៅក្នុងខេត្តសៀមរាបអស់រយៈពេល ៨ ឆ្នាំរួចមកហើយ បានបញ្ចេញអារម្មណ៍សប្បាយរីករាយសម្រាប់ការដាក់តាំងបង្ហាញរថយន្តទំនើបៗ នៅទីនោះ។ លោកស្រីបានចែករំលែកថា«
ខ្ញុំចូលរួមកម្មវិធីថ្ងៃនេះដោយយល់ឃើញថាវាជាឱកាសមួយពិសេសដែលមានកម្ម វិធីតាំងពិព័រណ៍រថយន្តទំនើបៗ ជាច្រើន ចូលរួមពីគ្រប់ប្រទេស។ មួយវិញទៀត វាជាកម្មវិធីបែបសប្បុរសធម៌ មានប្រយោជន៍និងជួយច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា»។

លោកស្រី និងស្វាមីក៏បានបន្ថែមអំពីការចាប់អាម្មណ៍នៅលើរថយន្តមួយចំនួន ដោយបានថតរូបនិងវីដេអូទុកជាអនុស្សាវរីយ៍។

ជាមួយគ្នានេះ លោក ជា សុភ័ក្រ ជាភ្ញៀវម្នាក់ ដែលបានបបួលមិត្តភក្តិលោកមក ចូលរួមក្នុងកម្មវីធីតាំងបង្ហាញរថយន្តរបស់ Gumball 3000 Rally បានយករថយន្តរបស់ខ្លួនទៅតាំងបង្ហាញជាមួយរថយន្តទំនើបជាច្រើនផ្សេងទៀត។ ក្នុងនោះលោកបញ្ជាក់ពីមោទនភាព និងភាពសប្បាយរីករាយដោយបានចូលរួមក្នុងកម្មវិធីដែលជាព្រឹត្ត្រិការណ៍ទទួលបានករចាប់អារម្មណ៍ខ្លាំងពីមហាជន។

បន្ថែមពីនេះ លោកបានប្រាប់ពីមូលហេតុនៃការចូលរួមរបស់ខ្លួនថា «ពួកខ្ញុំចូលរួមកម្មវិធីថ្ងៃនេះ គឺដើម្បីបរិច្ចាគថវិកាដែលទទួលបានពីការចុះឈ្មោះចូលរួមដាក់តាំងឡាននេះ ទៅជូនជាជំនួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផ្ទាល់។ មូលហេតុមួយទៀតគឺចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកដល់ពិភពលោក»។

ម្យ៉ាងវិញទៀត លោកក៏បានបន្ថែមអំពីការគាំទ្រលើកម្មវិធីបែបនេះក្នុងទម្រង់ជាតិ និងអន្តរជាតិដើម្បីជាចលករផ្សព្វផ្សាយបន្ថែមអំពីវប្បធម៌ កម្មវីធីសប្បុរសធម៌ និងបេសកកម្មនានាផងដែរ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ នេះ ព្រឹត្តិការណ៍ Gumball 3000 Rally ជាខួបលើកទី២៥ ដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣ពាន់ម៉ាយ៍។ ព្រឹត្តិការណ៍អន្តរជាតិនេះ មានរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៥, ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានចាប់ផ្ដើមចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា និងបន្ដទៅប្រទេសថៃ រួចបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី។

ចំពោះគោលបំណងនៃការរៀបចំព្រឹត្ដិការណ៍ដ៏ធំនេះនៅកម្ពុជារួមមាន ចូលរួមជំរុញវិស័យទេសចរណ៍ និងកេរិ៍្តឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ឲ្យកាន់តែរីកសុះសាយ ព្រោះព្រឹត្តិការណ៍ Gumball 3000 Rally អាចបើកឱកាសឲ្យវិនិយោគគិនក្នុងស្រុក និងបរទេសជាង ៥០ ជាតិសាសន៍ជួបជុំគ្នានៅកម្ពុជា។ លើសពីនេះក៏បានចូលរួមគាំទ្រ និងរៃអង្គាសថវិកាចូលរួមសប្បុរសធម៌ ដើម្បីបរិច្ចាគទៅកាន់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed