នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ញ៉ែម សារី អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន ការពិនិត្យ
និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត។
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា សមាជិកអង្គប្រជុំទាំងអស់ដែលបានចូលរួមក្នុងអង្គប្រជុំនាពេលនេះ មានឱកាសក្នុងការចូលរួមមតិយោបល់ និងកែតម្រូវនូវរាល់កំហុសឆ្គងណាមួយដែលបានកើតឡើងនៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ព្រមទាំងមានឱកាសក្នុងការសាកសួរនូវរាល់បញ្ហាចោទណាមួយដែលបានកើតឡើងក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ។
ទន្ទឹមនិងនេះសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានធ្វើសាក់សួនូវរាល់បញ្ហាផ្សេងៗដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ព្រមទាំងបានកោតសរសើដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើសេវាសាធារណៈ ឆ្លើយតបនិងបញ្ហារបស់ ប្រជាពលរដ្ឋ ទាន់ពេលវេលា ការដឹកនាំនិងអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើនជាបន្តរបន្ទាប់៕ ប្រភពៈ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង