ក្រុមអ្នកសង្គ្រោះដែលកំពុងស្វែងរកនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួននៅក្រោមមហាសមុទ្រអាត្លង់ទិក ត្រូវបានគេថា បានឮសំឡេងលាន់ខ្លាំងៗនៅក្រោមសមុទ្ររៀងរាល់ 30 នាទីម្ដង ធ្វើឱ្យមានការសង្ឃឹមចំពោះបេសកកម្មជួយសង្គ្រោះនេះ។
«មជ្ឈមណ្ឌលសម្របសម្រួលកិច្ចការសង្គ្រោះនៅ Halifax បានបញ្ជូនយន្តហោះ P-8 Poseidon មួយគ្រឿងដែលមានសមត្ថភាពតាមដានស្ថានការណ៍នៅក្រោមសមុទ្រ ទៅកាន់កន្លែងកើតហេតុ» ក្រសួងសន្តិសុខផ្ទៃក្នុងកាណាដាឱ្យដឹងដូច្នេះ។ នេះបើតាមព័ត៌មានដែលទំព័រ Rolling Stone ទទួលបានកាលពីថ្ងៃទី 20 មិថុនា។ CNN ក៏ផ្សាយព័ត៌មានប្រហាក់ប្រហែលនេះ។
យន្តហោះ P-8 បានទម្លាក់ពោងដែលបំពាក់បច្ចេកវិទ្យាស្រូបសំឡេងក្រោមទឹក ដើម្បីទទួលរលកសញ្ញា នៅក្បែរតំបន់ Titan បាត់ខ្លួន។ P-8 បានរកឃើញសំឡេងលាន់ខ្លាំងៗក្នុងតំបន់ទឹកជ្រៅ រៀងរាល់ 30 នាទីម្ដង។ បួនម៉ោងក្រោយមក ពួកគេបានទម្លាក់ពោងប្រភេទនេះបន្ថែមទៀត ហើយនៅតែឮសំឡេងនេះដដែល។ បច្ចុប្បន្ន ពុំទាន់ដឹងច្បាស់ថា សំឡេងនេះចេញមកពីណានៅឡើយ។
រូបភាពបង្ហាញពីក្រុមសង្គ្រោះទាំងឡាយដែលកំពុងស្វែងរកនាវាមុជទឹក Titan
យោងតាម CNN សំឡេងនានានឹងជួយដល់ការកំណត់ទិសដៅរបស់ឧបករណ៍លើសមុទ្រ ដែលនេះបង្ហាញថា ក្ដីសង្ឃឹមក្នុងការជួយសង្គ្រោះមនុស្សទាំងប្រាំនាក់ដែលស្ថិតក្នុងនាវាមុជទឹក Titan នៅមាននៅឡើយ។
ខណៈដែលសមត្ថកិច្ចនៅកាណាដាមិនទាន់មានការអធិប្បាយអ្វី OceanGate Expeditions ដែលជាក្រុមហ៊ុនគ្រប់គ្រងនាវាមុជទឹក Titan ក៏បាននិយាយថា មិនទាន់មានដំណឹងថ្មីដើម្បីចែករំលែកនៅឡើយនៅពេលនេះ។
សមត្ថកិច្ចអាម៉េរិក កាលពីថ្ងៃទី 18 មិថុនា បានទទួលដំណឹងថា Titan ដែលជានាវាមុជទឹកមួយគ្រឿងក្នុងចំណោមបីគ្រឿងរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក នៅថ្ងៃទី 18 មិថុនា ពេលកំពុងធ្វើដំណើរទេសចរណ៍នៅឯតំបន់បាតសមុទ្រដែលមានសាកសពកប៉ាល់ Titanic។
ភ្លាមៗបន្ទាប់ពីហេតុការណ៍ដាច់ទំនាក់ទំនងជាមួយនាវា Titan បានកើតឡើង សមត្ថកិច្ច និងក្រុមសង្គ្រោះក៏ត្រូវបានបញ្ជូនទៅជួយស្វែងរក។ ក្រុមមនុស្សក្នុងនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿថា រួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman៕