ក្រោយពីរកឃើញមានក្មេងស្រីអាយុ2ឆ្នាំម្នាក់ ឈ្មោះ ឈីន សូរីន បានឆ្លងជំងឺផ្ដាសាយបក្សី H5N1 បានស្លាប់បាត់បង់ជីវិតកាលពីវេលាពាក់កណ្ដាលអាធ្រាត្រថ្ងៃទី០៨ ឈានចូលព្រឹកថ្ងៃទី០៩ តុលា ២០២៣ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី០៩ តុលា ដដែល ដោយបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្ដាសាយបក្សីនេះ ព្រោះវានៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ជាពិសេស ទៅលើកុមារដែលជាក្រុមមនុស្សងាយរងគ្រោះបំផុត។
ជាក់ស្តែង នៅឯខេត្តព្រៃវែង ព្រឹកថ្ងៃទី១០ តុលា នេះ អាជ្ញាធរខេត្ត-ស្រុក រួមទាំងមន្ត្រីជំនាញសុខ
បាល និងមន្ទីរកសិកម្មខេត្ត ក៏បាននាំគ្នាចុះទៅធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅជុំវិញលំនៅឋានរបស់កុមារីដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺផ្ដាសាយបក្សីនេះផងដែរ គឺស្ថិតនៅក្នុងភូមិឆ្មាលោត ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារបានឲ្យដឹង នៅរសៀលថ្ងៃទី 10 តុលា នេះថា ក្រោយពីទទួលបានព័ត៌មានដែលក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមក ឯកឧត្តម សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត, មន្ទីរកសិកម្មខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលផង បានចុះមកត្រួតពិនិត្យដោយផ្ទាល់ នៅជុំវិញតំបន់ផ្ទះក្មេងស្រីដែលបានស្លាប់បាត់បង់ជីវិតនោះ ។
ជាលទ្ធផល ក្រោយពីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវអស់រយៈពេលមួយព្រឹក មន្ត្រីជំនាញបានរកឃើញថា នៅតំបន់នោះ គឺធ្លាប់មានសត្វមាន់-ទាឈឺងាប់ ហើយត្រូវបានមនុស្សយកទៅទទួលទានផងដែរ ។ ក្នុងពេលពិនិត្យ និងស្រាវជ្រាវនេះផងដែរ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត បានយកសំណាកទៅលើមនុស្សចំនួន១២នាក់ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្មេងស្រីរងគ្រោះដែលស្លាប់ហើយបានដាក់អ្នកទាំងនោះឲ្យនៅដាច់ដោយឡែក មិនឱ្យមានការទាក់ទងជាមួយអ្នកខាងក្រៅឡើយ គឺរង់ចាំរហូតដល់ទទួលបានលទ្ធផលពិនិត្យសំណាកចេញពីប៉ាស្ទ័រសិន។
ដោយឡែក ពាក់ព័ន្ធនឹងប្រវត្តិជំងឺរបស់ក្មេងស្រីរងគ្រោះលោក ប៊ិន ជីវ័ន អភិបាលស្រុកបានឲ្យដឹងថា តាមការរៀបរាប់របស់ឪពុកម្ដាយក្មេងស្រីរងគ្រោះ នាងបានកើតមានអាការៈផ្ដាសាយ ហៀរសំបោរ តាំងពីថ្ងៃទី30 កញ្ញា មកម្ល៉េះ ប៉ុន្តែពីដំបូងឪពុកម្ដាយនឹកស្មានថា នាងកើតជំងឺផ្ដាសាយធម្មតា ទើបទិញថ្នាំឱ្យលេបនៅផ្ទះអស់រយៈពេល 2 ថ្ងៃ គឺនៅថ្ងៃទី1 និងទី 2 តុលា ។
ប៉ុន្តែដោយអាការៈមិនបានធូរស្រាល ក៏បានយកកូនទៅព្យាបាលនៅផ្ទះពេទ្យក្នុងភូមិពីរថ្ងៃទៀត គឺនៅថ្ងៃទី 3 និងទី 4 តុលាក្រោយមក ដោយអាការ:ហាក់នៅតែមិនបានធូរស្រាលសោះ ទើបនៅថ្ងៃទី 5 តុលាឪពុកម្ដាយក៏សម្រេចចិត្តយកកូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិឯរាជធានីភ្នំពេញបន្ត ។
ការព្យាបាលនៅទីនោះ អស់រយៈពេល3ថ្ងៃ គឺមកដល់ល្ងាចថ្ងៃទី8 តុលា អាការ:កូនស្រីកាន់តែធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យបានប្រាប់ថាអស់លទ្ធភាពព្យាបាលហើយ ទើបនៅវេលាម៉ោង១យប់ថ្ងៃទី8 ឈានចូលព្រឹកថ្ងៃទី 9 តុលា ឪពុកម្ដាយក៏បានដឹកកូនស្រីត្រឡប់មកផ្ទះវិញទាំងយប់។ ពេលមកដល់ផ្ទះក៏ឃើញថា កូនស្រីបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបរៀបចំធ្វើបុណ្យឲ្យកូនទៅតាមប្រពៃណីតែម្ដងទៅ។
លោក ប៊ិន ជីវន្ត័ អភិបាលស្រុកបានបញ្ជាក់ថា មកដល់ពេលនេះ មន្ត្រីជំនាញមន្ទីរសុខាភិបាល រួមទាំងមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មខេត្ត នៅតែបន្តបេសកកម្មរបស់ខ្លួន ដោយធ្វើការតាមដានត្រួតពិនិត្យ នៅតំបន់ជុំវិញផ្ទះក្មេងស្រីរងគ្រោះជាបន្តទៀត រហូតដល់រយ:ពេល14ថ្ងៃ ហើយក្នុងអំឡុងពេលនេះ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលនឹងបន្តធ្វើការបាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់ថ្ងៃនៅជុំវិញ តំបន់ផ្ទះក្មេងស្រីរងគ្រោះផងដែរ ។