មណ្ឌលគិរី៖ ជម្លោះក្នុងវង់ផឹកស៊ីមួយ បានឈានដល់ការកាប់ប្រហារគ្នាបង្ករឱ្យជនរងគ្រោះមានរបួសដល់ទៅ១៣ថ្នេរ។
ទំនាស់នេះកើតឡើងពីវង់ផឹកស៊ីមិត្តភ័ក្ត្រឯង។ ជនសង្ស័យចោទថា ជនរងគ្រោះផឹកចេះ ដោយចាក់កែវខ្លួនឯងតិច តែចាក់ឲ្យជនសង្ស័យច្រើន ទើបកើតជាកំហឹងកាប់ទៅលើជនរងគ្រោះតែម្តង។ហេតុនេះកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចតង់ខៀវ ស្ថិតក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមរបាយការណ៍សមត្ថកិច្ចស្រង់សម្តីជនសង្ស័យបានឲ្យដឹងថា ជនសង្សួ័យបានសារភាពថា ខ្លួនមានឈ្មោះណេន វុន អាយុ៤០ឆ្នាំ ជាកសិករ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ក្នុងខណៈដែលកំពុងតែផឹកស៊ី ខ្លួនមានការខឹងសម្បារ ទៅលើជនរងគ្រោះយ៉ាងខ្លាំង ពីព្រោះតែរូបគេ បានចាក់ស្រាពេញៗកែវឱ្យខ្លួនផឹក រីឯជនរងគ្រោះនោះ គឺចាក់ស្រាតិចៗដើម្បីផឹកខ្លួនឯង ហើយជនរងគ្រោះនៅបន្តបង្អាប់ថា ខ្លួនផឹកស្រាឆាប់ស្រវឹង ផឹកអន់ជាងគេ រាល់សំដីទាំងនេះ បានធ្វើឲ្យខ្លួនទប់កំហឹងមិនបាន និងបានក្រោកស្ទុះទៅយកកាំបិតកាប់ប្រហារ ទៅលើជនរងគ្រោះតែម្ដង។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម បានបញ្ជាក់ថា ករណីហឹង្សាខាងលើបណ្ដាលឱ្យជនរងគ្រោះ ឈ្មោះ ទឹម ណាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជាមួយគ្នារបួសស្មាជាទម្ងន់ ។ ជនបង្ករមានឈ្មោះ ណេន វុន ត្រូវបានកម្លាំនគរបាលរដ្ឋបាលឃុំស្រែខ្ទុម ឃាត់ខ្លួននិងសាងនីតិវិធី ហើយក៏បញ្ជូនជនបង្កទៅស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ចាត់ការតាមផ្លូវច្បាប់៕