មណ្ឌលគិរី៖ រដូវរងារសម្រាប់ខេត្តមណ្ឌលគិរី នៅមិនទាន់កន្លងផុតទៅនោះទេ ខណៈដែលបរិយាកាសត្រជាក់នៅបន្តគ្រប់ដណ្ដប់នៅឡើយ ពិសេសក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំងតែម្ដង ។

គេបានសង្កេតឃើញថា សម្រាប់រដូវរងារឆ្នាំនេះ ហាក់បីប្លែកខុសរៀងរាល់ឆ្នាំព្រោះថា ជាធម្មតានៅអំឡុងចុងខែមករា អាកាសធាតុខេត្តមណ្ឌលគិរី អាចនឹងប្រែមកធម្មតាមិនចុះត្រជាក់ខ្លាំងនោះទេ ប៉ុន្តែក្នុងឆ្នាំនេះភាពត្រជាក់បានអូសបន្លាយរយៈពេលវែងជាងរៀងរាល់ឆ្នាំ ។

ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យបានលើកឡើងថា សម្រាប់ឆ្នាំនេះអាកាសធាតុត្រជាក់ពិតជាប្លែកខុសបណ្ដាឆ្នាំមុនៗ ព្រោះអាកាសធាតុបានចុះដល់១៣អង្សារ ដែលខុសប្លែកពីសព្វមួយដង ចុះត្រជាក់ខ្ទង់១៧អង្សារប៉ុណ្ណោះ ។ ទន្ទឹមនេះមិនត្រឹមតែអាកាសត្រជាក់នោះទេ ក៏មានខ្យល់បក់បោកខ្លាំងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋអាចជួបអាការៈផ្ដាសាយផងដែរ ។

អាជីវករលក់អាវរងារជជុះ ក៏បានឲ្យដឹងដែរ ទោះបីអាកាសធាតុបានចុះត្រជាក់ខ្លាំងនៅប៉ុន្មានថ្ងៃនេះ ប៉ុន្តែអាវរងារលក់មិនសូវដាច់ខ្លាំងប៉ុន្មានទេ ព្រោះលក់បានសម្រាប់តែភ្ញៀវទេសចរដែលចូលកម្សាន្តប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋក្នុងខេត្តមិនសូវបានមកទិញច្រើនទេនៅចុងខែមករានេះ ព្រោះពួកគាត់បានទិញរួចរាល់អស់តាំងពីអំឡុងខែធ្នូ ។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា នៅប៉ុន្មានថ្ងៃចុងក្រោយ អាកាសធាតុខេត្តមណ្ឌលគិរី ពិតជាបានចុះត្រជាក់ខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះបានជួបប្រទះនូវជំងឺផ្ដាសាយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពួកគាត់មិនមានអ្វីធ្ងន់ធ្ងរទេ ហើយក៏ពុំមានការផ្ទុះរីករាលដាលឡើងនៃជំងឺផ្ដាសាយនោះដែរ ។

គួររម្លឹកដែរថា សម្រាប់ខេត្តមណ្ឌលគិរី អាកាសធាតុហាក់ប្រែប្រួលខុសបណ្ដាឆ្នាំមុនៗ ខណៈដែលអាកាសត្រជាក់បានគ្រប់ដណ្ដប់តាំងពីអំឡុងខែតុលា រហូតដល់ពេលនេះ ដែលមានរយៈពេលជិត៤ខែមកហើយ និងបានចាប់ផ្ដើមចុះត្រជាក់ខ្លាំងជាងគេនៅថ្ងៃទី២៩មករា ដោយសីតុណ្ហភាពបានធ្លាក់ចុះដល់១៣ទៅ១៤អង្សារ ។ នៅក្នុងអំឡុងរដូវរងារនេះ ដែរ ក្រៅពីសីតុណ្ហភាពត្រជាក់ខ្លាំង និងមានខ្យល់បក់បោកខ្លាំង ក៏មានប្លែកត្រង់ចំណុចមួយទៀត គឺមានភ្លៀង និងមានថ្ងៃខ្លះហួតហែងក្នុងរដូវរងារ ដែលខេត្តមណ្ឌលគិរីពុំធ្លាប់បានជួប ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed