ខេត្តសៀមរាប ៖ ជន​ដៃដល់​ដែល​ជា​បងធំ​មានឈ្មោះ អ៊ី ប៊ុ​ន​ហេង ជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប និង​ជា​កូន​អ្នកមាន​អំណាច​នៅ​ក្នុង​ក្រុង​ផង​នោះ បាន​នាំ​បក្សពួក​ជិត​២០​នាក់ ជិះ​រថយន្ត​៤​គ្រឿង និង​ហែ​រហ​មអម​ដោយ​ម៉ូតូ​ជា​ច្រើន​គ្រឿង ទៅ​ធ្វើ​សកម្មភាព​ទាញ​កៅអី​វ៉ៃ និង​វា​.​យ​ទៅ​លើ​ម្ចាស់​ហាង​កាហ្វេ​យីហោ «​ឃ្វី​ន​កាហ្វេ​» ដល់​កន្លែង​លក់​ទាំង​យប់​តែ​ម្តង នៅ​ចំណុច​ទល់មុខ​សាលារៀន​វិទ្យាល័យ​អង្គរ ស្ថិត​ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប បណ្តាល​ឱ្យ​រង​របួសធ្ងន់​បែកក្បាល​ដេរ​ជិត​២០​ថ្នេរ ប៉ុន្តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ ជា​ពិសេស​លោកស្នងការ​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​បាន​ល្អ​ដដែល ព្រមទាំង​បិទ​បាំង​ព័ត៌មាន​ជិត​បាន​ល្អ​ទៀត​ផង​។

 

 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​ក្នុង​ក្រុង​សៀមរាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​មិន​បញ្ចេញ​ឈ្មោះ បានអោយដឺងថានៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា ជន​បង្ក​ឈ្មោះ អ៊ី ប៊ុ​ន​ហេង អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ប៉ូលិស​ខេត្តសៀមរាប ហើយ​ក៏​ជា​កូន​អ្នកមាន និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ក្រុង​សៀមរាប​ផង​ដែរ​។

 

ប្រភព​ដដែល​បាន​បន្ថែម​ថា ជន​បង្ក​ខាងលើ​នេះ ធ្លាប់​មាន​ប្រវត្តិ​ផឹកស៊ី​ស្រវឹង រួច​វា​.​យ​គេ​នៅ​ក្នុង​បរិវេណ​ផ្សារ​រាត្រី (​ផាប់​ស្ទ្រី​ត​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ប៉ុន្តែ​ជន​នេះ មិនឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ម្តងណា​ឡើយ បែរជា​ដើរ​ធ្វើ​ព្រងើយ​នៅ​កណ្តាល​ក្រុង​សៀម​រាប​ទៀត​ផង ព្រោះតែ​អាងខ្នង និង​លុយ​។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ គ្រាន់តែ​ទាស់ទែង​ពាក្យ​សម្ដី មើល​មុខ​ឌឺដង​ដាក់​គ្នា និង​រឿងស្រី​នៅ​ក្នុង​ហាង​កាហ្វេ​យីហោ «​ឃ្វី​ន​កាហ្វេ​» ជន​បង្ក​ក៏​នាំ​គ្នា​ស្ទុះ​ទៅ​វ៉ៃ​ម្ចាស់​ហាង បណ្តាល​ឱ្យ​រត់​ចេញ​មក​ក្រៅ​ផ្អើល​ពេញ​ផ្លូវ នៅ​ក្នុង​កណ្តាល​ក្រុង​សៀមរាប​ផង​ដែរ​។

 

បើ​យោង​ទៅ​តាម​ការ​រៀបរាប់​ពី​បងប្អូន​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ហាង​កាហ្វេ​ខាងលើ​នេះ​មានឈ្មោះ ហេង លី​ហ៊ួ​រ រស់នៅ​ក្នុង​ក្រុង​សៀមរាប គាត់​បាន​អង្គុយ​លេង​នៅ​ក្នុង​ហាង​កាហ្វេ​របស់​គាត់​ជាមួយ​មិត្តភក្តិ​ចំនួន​២​នាក់​។ រហូត​ដល់​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ ស្រាប់តែ​ជន​បង្ក​មាន​គ្នា​ជិត​២០​នាក់ បាន​ចូល​មក​វា​.​យ​ជន​រង​គ្រោះ​នៅ​ក្នុង​ហាង​តែ​ម្ដង​។ ចំណែកឯ​ជន​រង​គ្រោះ​បាន​រត់​ចេញ​ទៅ​ក្រៅ ដើម្បី​ឱ្យ​អ្នក​ជិតខាង​ជួយ ហើយ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​រត់​ចូល​ទៅ​ក្នុង​ហាង​មួយទៀត​ដែល​មានឈ្មោះ «​តា​ម៉ា​ប់​ស្លាបមាន់​ក្រឡុក​» នៅ​ក្បែរ​នោះ ដើម្បី​ឱ្យ​បុគ្គលិក ឬ​ភ្ញៀវ​ជួយ​ផង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ជួយ​នោះ​ទេ ទើប​ក្រុម​ជន​បង្ក​ដេញ​វា​.​យ​ចូល​ទៅ​ដល់​ហាង​តែ​ម្តង​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​រត់​ចេញ​មក​ក្រៅ​វិញ តែ​ក្រុម​ជន​បង្ក​នៅ​តែ​ដេញ​តាម​វា​.​យ រហូត​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​។

 

បើ​តាម​បងប្អូន​របស់​ជន​រង​គ្រោះ បាន​បន្ត​ថា នៅ​ពេល​ជន​បង្ក​គេចខ្លួន​បាត់​អស់ ពួក​គាត់​ក៏​នាំ​គ្នា​មក​ជួយ​យក​ជន​រង​គ្រោះ​ទៅ​គ្លីនិក​ឯកជន ដើម្បី​ជួយ​សង្គ្រោះ ព្រោះថា ជន​រង​គ្រោះ​ត្រូវ​របួសធ្ងន់ បណ្ដាល​ឱ្យ​ហូរ​ឈា​.​ម​ជា​ច្រើន​។ បងប្អូន​ជន​រង​គ្រោះ​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​សមត្ថកិច្ច​នគរ​បាល​វិញ​មិន​ទាន់​ចាប់​បាន​ជន​ដៃដល់​នៅឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ បែរជា​ស្ងាត់ឈឹង​តែ​ម្តង​។

 

រីឯ​ពលរដ្ឋ​រស់នៅ​ជិត​នោះ បាន​លួច​ខ្សឹប​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បិទទ្វារ​ហូប​បាយ​នៅ​ខាងក្នុង ស្រាប់តែ​មួយសន្ទុះ ក៏​លឺ​ស្រែក​ឡូឡា ដោយ​មិនដឹង​ថា តើ​មានរឿង​អី​នៅ​ខាងក្រៅ​នោះ​ទេ?​។ បន្ទាប់​មក​ពួក​គាត់​ក៏​បើកទ្វារ​អើត មើល​មក​ក្រៅ ក៏​ឃើញ​ក្មេង​ៗ​មួយ​ក្រុម​ធំ​នាំ​គ្នា​ដេញ​វា​.​យ​ម្ចាស់​ហាង​កាហ្វេ​យីហោ «​ឃ្វី​ន​កាហ្វេ​» ប៉ុន្តែ​មិនឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ខេត្ត​-​ក្រុង​ណា ចុះ​មក​ជួយ​អន្តរាគមន៍​ឡើយ ឃើញ​តែ​មាន​អ្នក​ថត​។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​សមត្ថកិច្ច​ចុះ​មក​ដល់ ប៉ុន្តែ​ជន​បង្ក​ខ្លះ​រត់ឡើង​ឡាន ខ្លះ​ទៀត​រត់ឡើង​ម៉ូតូ រួច​បើក​គេចខ្លួន​បាត់​អស់​ទៅ​ហើយ នៅ​សល់​តែ​សមត្ថកិច្ច​កំពុង​សួរនាំ​ម្ចាស់​ហាង​កាហ្វេ​តែ​ប៉ុណ្ណោះ​។

 

សូម​បញ្ជាក់​ថា ករណី​ហិ​.​ង្សា​នៅ​ហាង​កាហ្វេ​យីហោ «​ឃ្វី​ន​កាហ្វេ​» នោះ ដឹកនាំ​ដោយ​បងធំ​ឈ្មោះ អ៊ី ប៊ុ​ន​ហេង បាន​បង្ក​ការ​ភ្ញាក់ផ្អើល និង​អសន្តិសុខ កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​មុខ​វិទ្យាល័យ​អង្គរ ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាលា កំរើក ក្រុង​សៀមរាប រហូត​មក​ដល់​ពេល​នេះ ជន​បង្ក​នៅ​តែ​បើកបរ​រថយន្ត និង​ដើរ​ធ្វើ​ព្រងើយ ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​លើ​ខ្លួនឯង​សោះ​។

 

ចំណែក​លោក​វរសេនីយ៍ឯក មឿ​ន បូ​រី ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​អន្តរាគមន៍ និង​តម្រួត​បញ្ជា​បាន​ប្រាប់​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា រឿង​ហ្នឹង ពួក​ខ្ញុំ​កំពុង​ចំណាត់ការ​ហើយ តែ​ពេល​នេះ​ខ្ញុំ​សុំ​អធ្យាស្រ័យ​មិន​អាច​ប្រាប់​តាម​ទូរស័ព្ទ បាន​ទេ បើ​ចង់​ដឹង​ច្បាស់​មក​កន្លែង​ខ្ញុំ​»​។

 

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​តេ​ឡេ​ក្រាម​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស កម្លាំង​នគរបាល​ជំនាញ​យើង បាន​ហៅ​មក​សួរនាំ​រឿង​ហិ​.​ង្សា​ដោយ​ចេតនា​នេះ គឺ​កើតឡើង​មក​ពី​ការ​ឌឺដង​ដាក់​គ្នា ដោយសារ​រឿង​មនុស្ស​ស្រី​។ លោក​បន្ថែម​ថា ហើយ​ករណី​វា​.​យ​តប់​នោះ យើង​ឃើញ​មាន​មនុស្ស​ច្រើន ប៉ុន្តែ​ការ​បង្ក​នោះ​ដោយ​ជន​ដៃដល់​ម្នាក់ គឺ​យើង​ឱ្យ​កម្លាំង​ហៅ​គាត់​មក​សួរនាំ ហើយ​ឱ្យ​ភាគី​ទាំង​សងខាង​មានការ​សម្របសម្រួល​គ្នា ជា​សំណង​អស់ហើយ។

 

លោក​បញ្ជាក់​ថា ជន​បង្ក​គឺជា​កងកម្លាំង ដូច្នេះ​យើង​ត្រូវ​ដាក់​វិន័យ​ក្នុង​នាម​គាត់​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​គាត់​គឺជា​កងកម្លាំង និង​ធ្វើ​ផ្តេសផ្តាស​ទៀត ដូច្នេះ​យើង​ដាក់​គាត់​ឱ្យ​ត្រូវ​វិន័យ​ទៅ ០០៦​។ ដោយឡែក​អ្នក​ដទៃ​ទៀត គឺ​យើង​បាន​ហៅ​សួរនាំ​ដែរ ប៉ុន្តែ​ជា​ការ​ចូលរួម ព្រោះ​ជាក់ស្តែង​ពួក​គាត់​ជា​សហចារី ជា​ការ​ចូលរួម ប្រសិនជា​គាត់​អត់​បាន​ប្រព្រឹត្ត ឬ​ក៏​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​ទេ ដូច្នេះ​យើង​មិន​អាច​យក​គេ​មក​ដាក់ទោស​បាន​ទេ លុះត្រា​ពួក​គេ​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ ទើប​យើង​អាចយ​កមក​ដាក់ទោស​បាន​។ ចឹ​ង​ក្នុង​រឿង​នេះ កម្លាំង​យើង​បាន​រៀបចំ​សំណុំរឿង​ហើយ ជា​ការ​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​រួចរាល់​ហើយ​ដែរ​។

 

 

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ បច្ចុប្បន្ន​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ហាង​កាហ្វេ យីហោ «​ឃ្វី​ន​កាហ្វេ​» បាន​បិទទ្វារ រួច​ដាក់​ស្លាក​ជួល​ហាង​វិញ បន្ទាប់​ពី​មានរឿង​អា​ស្រូ​.​វ​ជាមួយ​កូន​អ្នកមាន​អំណាច និង​ជា​មន្ត្រី​ប៉ូលិស​ខេត្តសៀមរាប​ផង​ដែរ​។

 

ហើយ​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ជា​ពិសេស​សម្តេច​ក្រឡាហោម ស ខេ​ង ជួយ​ចាត់វិធានការ​ចំពោះ​មន្ត្រី​អាង​អំណាច​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សៀមរាប ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភិតភ័យ ដោយសារ​មាន​បើក​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ និង​មាន​ចោ​.​រ​លួច ព្រមទាំង​ជិះ​ម៉ូតូ​ដេញ​វា​.​យ​តប់​គ្នា​សឹងតែ​រាល់​យប់​ទៅ​ហើយ​។

ដកស្រង់ពីkohsantepheapdaily

Leave a Reply

Your email address will not be published. Required fields are marked *

You missed