កណ្ដាល៖ ពាក្យចាស់ពោលថា« រពឹសដៃផ្ទៃឆ្អែត»។ រីឯបុរសម្នាក់នេះវិញរពឹសដៃដែរ តែបែរជាប់ខ្នោះ ព្រោះតែកាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ យកដុំថ្មគប់រយន្តប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវត្រង់ចំណុចលើស្ពានព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលដែលជនរងគ្រោះឈ្មោះ ត្រូ រតនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា បានត្រឡប់មកពីហូបការមិត្តភក្តិវិញក៏បានបើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ខៀវចាស់ ឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ2Bt-4451 មកដល់ចំណុចជិតគល់ស្ពានព្រែកហូរលិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ស្រវឹងស្រា បានយកដុំថ្មមកគុបទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលឱ្យកំពិតទ្វាររថយន្តខាងក្រោយ ។
ប្រភពព័ត៌មានបានបន្តថា ឃើញដូចនោះជនរងគ្រោះក៏បានបើករថយន្តរត់មកដល់ប៉ុស្តិ៍នរគបាលព្រែកហូរ ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ។ ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះអន្តរាគមន៍រហូតដល់ម៉ោង ១ និង ០០នាទី ឈានចូលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចរកជនសង្ស័យឃើញ និងធ្វើការឃាត់ខ្លួនភ្លាមៗ។
ជនសង្ស័យមានឈ្មោះ សុខ សារី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរដើម្បីបន្តនីតិវិធី៕