មណ្ឌលគិរី៖ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី នៅក្នុងការបង្ក្រាបការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ត្រង់ចំនុចអូរនិម្មិត ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២0 ខែធ្នូ ឆ្នាំ២0២២។ កម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់មានប្រមាណជាង៥០នាក់ ដឹកនាំនិងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
បើតាមប្រភពព័ត៌មានឲ្យដឹងថា សមត្ថកិច្ចទាំងនោះរួមមាន កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងស្នងការខេត្តមណ្ឌលគិរី រដ្ឋបាលព្រៃឈើ និងគណ:បញ្ជាការឯកភាពស្រុក សរុបប្រមាណ៥៥នាក់ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យការកាប់រានដីរដ្ឋខុសច្បាប់ ត្រង់ចំនុចអូរនិម្មិត ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ផេស៊ីហ្វិក យញ្ញស្តុក ខមផេនី លីមីតធីត ចាប់បានជនកាប់រានចំនួន៤នាក់ កំពុងតែនាំខ្លួនមកកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានទី១៖ ឈ្មោះ សំ វេត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ពានសង្គមឃុំតាឡូងស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទី២៖ ឈ្មោះ ជា សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុងផាត ឃុំចុងផាត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទី៣៖ ឈ្មោះ ញែម សីហា អាយុ៥១ឆ្នាំ រស់នៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទី៤៖ ឈ្មោះ មួង សីហា ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅខេត្តតាកែវ៕