មនុស្សដែលពូកែរៀន គឺជាអ្នកដែលចូលចិត្តរៀន ។ ដូច្នេះ ចូរបណ្តុះ និងជំរុញការសិក្សារបស់កូនអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ តើឪពុកម្តាយអាចជួយកុមារឱ្យស្រឡាញ់ការសិក្សាដោយរបៀបណា ? វាមិនពិបាកដូចអ្នកគិតទេ ។ ការផ្លាស់ប្តូរទម្លាប់សាមញ្ញមួយចំនួនរបស់អ្នកអាចជួយជំរុញឱ្យកូនស្រឡាញ់ការរៀនសូត្រ ។
១. ចូលរួមជាមួយគ្នា ៖ ការសិក្សាចុះខ្សោយរបស់កុមារភាគច្រើនបណ្តាលមកពីឪពុកម្តាយខ្វះខាតការចូលរួមជាមួយកូន ។ ចូរសួរកូនរបស់អ្នកពីអ្វីដែលពួកគេបានរៀននៅសាលាថ្ងៃនេះ ។ ការធ្វើដូច្នេះ នឹងជួយពួកគេឱ្យមានមោទនភាពចំពោះចំណេះដឹងដែលបានរកឃើញថ្មីរបស់ពួកគេ ។ ក្មេងខ្លះនឹងរីករាយ ហើយយកឱកាសនេះនិយាយ ហើយបង្រៀនឪពុកម្តាយរបស់គេផងដែរ ។ ការចាប់អារម្មណ៍ ចង់ដឹងចង់ឃើញ និងសួរសំណួរជាច្រើនពិតជាអាចជួយបានពួកគេបាន ដូច្នេះកុំធុញបើកូនសួរច្រើន ។
២. រកមើលឧបសគ្គណាមួយក្នុងការរៀន ៖ វាពិបាកណាស់ក្នុងការស្រឡាញ់អ្វីមួយ នៅពេលកូនតស៊ូ ឬពិបាកក្នុងការធ្វើវា ។ រកមើលសញ្ញាដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់កូនអ្នកក្នុងការរៀននៅសាលា ដូចជាបញ្ហាសង្គម បញ្ហាផ្លូវចិត្ត ដូចជាការថប់បារម្ភ ឬបញ្ហាដែលអាចកើតមានក្នុងការសិក្សា ។ និយាយជាមួយកូនរបស់អ្នកដោយយកចិត្តទុកដាក់ ផាសុកភាព និងសុវត្ថិភាព ដើម្បីដឹងច្បាស់ថា ហេតុអ្វីពួកគេមិនចង់រៀន គ្មានអារម្មណ៍រៀន ឬមុខវិជ្ជាដែលពួកគេមិនចង់រៀនជាដើម ។
៣. ធ្វើឱ្យការរៀនមានភាពសប្បាយរីករាយ ៖ សូមចាប់អារម្មណ៍មើលកម្មវិធីសិក្សា កិច្ចការផ្ទះ ឬសៀវភៅសិក្សារបស់កូនអ្នក ។ ជួយពួកគេឱ្យស្វែងយល់ពីចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ពួកគេថា ពួកគេចូលចិត្តអ្វី រៀនអ្វីទៅសប្បាយចិត្ត ហើយពូកែ រួចលើកទឹកចិត្តពួកគេឱ្យប្រឹងបន្ថែមទៀត ។ ទោះបីជាអ្នកអាចមានការព្រួយបារម្ភថា មុខវិជ្ជាដែលពួកគេចង់សិក្សានឹងមិនផ្តល់អត្ថប្រយោជន៍សិក្សាច្រើនបំផុតក្តី ប៉ុន្តែភាពរីករាយ និងសេចក្តីស្រឡាញ់នៃការរៀនសូត្រដែលនឹងមកជាមួយនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន និងយូរអង្វែង ។
៤. ផ្តោតលើដំណើរការ មិនមែនលទ្ធផលទេ ៖ សិស្សមានសម្ពាធកាន់តែខ្លាំងឡើង ដើម្បីទទួលបានពិន្ទុល្អ ។ ប៉ុន្តែសម្ពាធនេះពិតជាអាចរារាំងសមត្ថភាពរបស់ពួកគេក្នុងការធ្វើបានល្អ វាអាចបណ្តាលឱ្យមានការថប់បារម្ភ ការមិនចង់ទៅរៀន មិនចង់ធ្វើកិច្ចការផ្ទះជាដើម ។ រំលឹកកូនរបស់អ្នកថា ការដែលអាចចំណាយពេលរៀននៅក្មេង គឺជាឯកសិទ្ធិមួយ ហើយចំណេះដឹងដែលពួកគេនឹងទទួលបាននឹងមានប្រយោជន៍ជាបន្តបន្ទាប់សម្រាប់ពួកគេនៅពេលអនាគត ។ វាមិនត្រឹមតែលើកទឹកចិត្តឱ្យស្រឡាញ់ការសិក្សាប៉ុណ្ណោះទេ វាថែមទាំងជួយកុមារឱ្យមានការលើកទឹកចិត្ត និង ជោគជ័យផងដែរ ។
៥. ដកសម្ពាធចេញ ៖ ជឿ ឬមិនជឿ ក្មេងៗដាក់សម្ពាធគ្រប់គ្រាន់លើខ្លួនឯងរួចហើយ ។ ការដាក់ទោសពួកគេ ឬខឹងសម្បារ ពេលពួកគេរៀនមិនពូកែនឹងកាន់តែធ្វើឱ្យពួកគេខ្លាចការសិក្សា ។ ដូច្នេះ ជំនួសឱ្យការដាក់ទណ្ឌកម្មពេលកូនរៀនមិនបានចំណាត់ថ្នាក់ ឬការអនុវត្តមិនល្អ សូមអ្នក ផ្តល់ការគាំទ្រទាំងអារម្មណ៍ និងការសិក្សា, អនុញ្ញាតឱ្យពួកគេបើកចំហអំពីការខកចិត្តរបស់ពួកគេដោយមិនភ័យខ្លាចការវិនិច្ឆ័យរបស់អ្នក, និយាយជាមួយពួកគេ ស្តាប់ពួកគេ និងសហការគ្នា ដើម្បីស្វែងរកវិធីដែលអាចជួយពួកគេឱ្យប្រសើរឡើង និងរីករាយជាមួយសាលារៀន ។
៦. ដឹកនាំដោយឧទាហរណ៍ល្អ ៖ កុំគ្រាន់តែលើកទឹកចិត្តកូនអ្នកឱ្យស្រឡាញ់ការសិក្សា ចូរបង្ហាញគេថា អ្នកក៏ស្រឡាញ់ការសិក្សាដូចគ្នា ។ បង្កើតបរិយាកាសគ្រួសារដែលជំរុញការសិក្សា និងការអាន នេះជាគន្លឹះដ៏ងាយស្រួលបំផុត ។ និយាយញឹកញាប់ សួរសំណួរ ចែករំលែករឿង និងស្វែងរកចំណេះដឹង, អានសៀវភៅគ្រប់ប្រភេទជាមួយកូន និងកុំចុចទូរស័ព្ទ មើលទូរទស្សន៍ច្រើនពេក ពិសេសពេលកូនរៀន ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ដកស្រង់ពីkohsantepheapdaily