បន្ទាប់ពីទទួលបានការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី កម្លាំងជំនាញនៃអគ្គស្នងការនគរបាជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ភ្លាមៗបានបើកប្រតិបត្តិការឈានដល់ការធ្វើការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ។

ប្រតិបត្តិការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញ និវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីដ៏ធ្ងន់ធ្ងរនេះ។

កម្លាំងនាយកដ្ឋានចារកម្មបាន ធ្វើការឃាត់ខ្លួនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ ASTUTIK DEWI ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៤០នាទី ត្រង់ចំណុចសណ្ឋាគារ NOVOTEL ក្នុងខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ទៀតផងដែរ និងបានដកហូតរថយន្តម៉ាក PRIUS ពណ៌ស ស្លាកលេខ ភ្នំពេញ 2BI-9815។

បញ្ចប់នីតិវិធីនៃការសាកសួរ និងរៀបចំឯកសារនានា ដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពី សំណាក់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារបានបញ្ជូនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ DEWI ASTUTIK ចេញពីអាកាសយានដ្ឋានមរតកតេជោ តាមយន្តហោះពិសេស នាវេលាម៉ោង ១៦ និង០០ នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រគល់ជូននគរបាលជំនាញ នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្ត នីតិវិធី តាមផ្លូវច្បាប់ ៕

Leave a Reply

You missed