បុរសម្នាក់នាំប្រពន្ធចេញពីមន្ទីរសម្រាក់ព្យាបាលមួយកន្លែង ហើយស្រែកឆោឡោថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀលហើយដេញអោយទៅពេទ្យធំ…!។ ប៉ុន្តែមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ប្តីប្រពន្ធមួយគូនេះធ្វើល្បិចគេចមិនព្រមសហការជាមួយសមត្ថកិច្ចនគរបាលករណីជម្លោះមានអំពើហឹង្សាឯណោះវិញទេ។

បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភះ បានបញ្ជាក់ថា កាលពី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា នាគ ដែក បាន បង្ហោះរូបភាពវីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ ចប់ ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល ហើយដេញឱ្យទៅពេទ្យធំ..!។ ពាក់ព័ន្ធនឹងករណីអ្នកជំងឺមកទទួលសេវាព្យាបាលនៅ មន្ទីរសម្រាកព្យាបាល សុខ ចិត្ត ដែលមានទីតាំងស្ថិតនៅផ្ទះលេខP41 ផ្លូវលេខ២១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចាក់បន្ថែមឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវ និងត្រួតពិនិត្យនៅមន្ទីរ សម្រាកព្យាបាល សុខ ចិត្ត ហើយបានទទួលព័ត៌មាន និងលទ្ធផលក្រោយពីការស្រាវជ្រាវ រួមទាំងមានសាក្សីបំភ្លឺឃើញ ថា មិនមែនជាបញ្ហាពាក់ព័ន្ធនឹងតម្លៃសេវាដូចក្នុងវីដេអូផ្សព្វផ្សាយនោះទេ ដោយសារអ្នកជំងឺ និងក្រុមគ្រួសារបានយល់ព្រមទទួលសេវាពិនិត្យធ្វើរោគវិនិច្ឆ័យ និងការព្យាបាលតាមតម្លៃសេវា ហើយគ្លីនិកបានចេញវិក្កយបត្របង់ប្រាក់ជូនពួកគាត់ និងបានយល់ព្រមបង់ថ្លៃសេវារួចក៏ចាកចេញ ដោយពុំមែនគ្រូពេទ្យដេញឱ្យទៅព្យាបាលនៅមន្ទីរពេទ្យធំនោះទេ។ នៅពេលចេញដល់ខាងមុខមន្ទីរសម្រាកព្យាបាល មាននគរបាល ២រូប បានសុំស្ត្រីខាងលើដើម្បីទៅធ្វើការបំភ្លឺនៅប៉ុស្តិ៍នគរបាល ជុំវិញករណីជម្លោះមានអំពើហិង្សា ប៉ុន្តែគាត់មិនព្រមសហការជាមួយសមត្ថកិច្ច ទើបមានឧបាយកលធ្វើជា ដេកននៀលយំស្រែកដូចរូបភាពក្នុងវីដេអូ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់គណនីបណ្តាញសង្គមដែលមានឈ្មោះ នាគ ដែក សូមលុបចោលនូវវីដេអូ និងខ្លឹមសារ Caption ព្រមទាំងអំពាវនាវដល់សាធារណជន សូមមេត្តាបញ្ឈប់ការ ផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានមិនពិតខាងលើដែលបង្ករឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ព្រមទាំងជះឥទ្ធិពលដល់កិត្តិយសសេចក្តីថ្លៃថ្នូរវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *