មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី រួមមានមន្ត្រីពាក់ព័ន្ធគ្រប់ជំនាញដឹកនាំដោយអភិបាលរងខេត្តមណ្ឌលគិរី លោក សាន់ សារិទ្ធ នៅថ្ងៃទី០១ មីនា ឆ្នាំ២០២២ បានសម្រេចចុះរុះរើ និងផ្អាកសកម្មភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចមួយកន្លែង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខណៈដែលការដ្ឋានខាងលើគ្មានច្បាប់អនុញ្ញាត ហើយម្ចាស់ទីតាំងថែមទាំងមិនគោរពតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ដែលតម្រូវឲ្យម្ចាស់ទីតាំងរុះរើគ្រឿកចក្រសំណង់បេតុងលាយស្រេចទាំងនេះចេញ កំណត់ត្រឹមថ្ងៃ២៨កុម្ភៈ ។

នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានចុះអនុវត្តការរុះរើសំណង់នេះចេញតែម្ដង ប៉ុន្តែដោយមានការសំណូមពរពីម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី សុំរុះរើចេញដោយខ្លួនឯង ទើបក្រុមមន្ត្រីជំនាញទុកឱសានវាទឲ្យរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែមីនា នេះតទៅ តម្រូវឲ្យម្ចាស់ទីតាំងរុះរើគ្រឿកចក្រសំណង់បេតុងលាយស្រេចទាំងនេះចេញឲ្យអស់ពីចំណីផ្លូវ ហើយក្នុងករណីមិនគោរពតាមកិច្ចសន្យា លោក ហ៊ាង ឆៃលី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

គួររម្លឹកដែរថា អាជ្ញាធរខេត្តមណ្ឌលគិរីចាប់តាំងពីឆ្នាំ២០២២ បានចុះហាមឃាត់និងចេញសេចក្តីជូនដំណឹងដល់លោក ហ៊ាង ឆៃលី ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ខាងលើជាច្រើនដងមកហើយ តែលោកមិនអនុវត្តតាមទាល់តែសោះ។ ទីតាំងការដ្ឋានសំណង់បេតុងលាយស្រេចនេះ មិនត្រឹមគ្មានច្បាប់អនុញ្ញាតទេ មានទាំងសង់សំណង់រំលោភយកចំណីផ្លូវ និងរំលោភយកអូរធម្មជាតិនៅផ្នែកខាងក្រោយដែលបច្ចុប្បន្នកំពុងតវ៉ាក្តីនៅសាលាឧទ្ឋរណ៍ ។ ចំណែកនៅផ្នែកខាងមុខការដ្ឋានសំណង់បេតុងលាយស្រេចនេះ បានបង្កឲ្យមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ ខូចខាតផ្លូវបេតុងដែលរដ្ឋទើបសាងសង់រួចកាលពីពេលថ្មីៗ ។

ទីតាំងការដ្ឋានសំណង់បេតុងលាយស្រេចខុសច្បាប់នេះដែរ ក៏ធ្លាប់បានបាក់រលំម្ដងរួចមកហើយកាលពីឆ្នាំ២០២២កន្លងទៅ ដែលបានបង្កភាពភ្ញាក់ផ្អើលនិងភាពភ័យខ្លាចជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង ទីតាំងមួយនេះ ហើយអំឡុងពេលបាក់រលំគ្រឿងចក្រលាយបេតុងទម្ងន់១០០តោននៅពេលនោះ មន្ត្រីជំនាញក៏បានហាមប្រាមមិនអនុញ្ញាតឲ្យ លោក ហ៊ាង ឆៃលី បន្តអាជីវកម្មនេះជាដាច់ខាត ប៉ុន្តែទោះជាយ៉ាងនេះក្ដីសំណង់ការដ្ឋានបេតុងលាយស្រេច ត្រូវម្ចាស់ទីតាំងជួសជុលដំណើរការវិញយ៉ាងឆាប់រហ័ស ធ្វើអាជីវកម្មទាំងគ្មានច្បាប់ និងខុសលក្ខណៈបច្ចេកទេស គ្មានខ្លាចក្រែងអាជ្ញាធរខេត្តបន្តិចណាសោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed