មណ្ឌលគិរី៖ ចាស់ព្រឹទ្ធាចារ្យសិល្បៈមួយរូបជាជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគោរមងារថ្នាក់ជាតិជា «នាដកីនិមិត្ត» ក្រោយពេលចាស់ព្រឹទ្ធាចារ្យរូបនេះបានរួមចំណែកបន្សល់ទុកស្នាដៃយ៉ាងធំធេង ក្នុងការអភិរក្សប្រពៃណីជនជាតិដើមភាគ ក៏ដូចជាបន្តវេនចំណេះជំនាញទៅកាន់ក្មេងជំនាន់ក្រោយ ។

ព្រឹទ្ធាចារ្យសិល្បៈ ណាន សម័យ អាយុ៦៧ឆ្នាំ រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រោយពេលបានដឹងថាខ្លួនបានទទួលគោរមងារថ្នាក់ជាតិពីព្រះមហាក្សត្រ ជានាដកីនិមិត្ត រូបគាត់ពិតជាសប្បាយចិត្តរំភើបខ្លាំងណាស់ ក្នុងនោះមិនត្រឹមរូបគាត់ផ្ទាល់ដែលសប្បាយចិត្តនោះទេ គឺបងប្អូនជនជាតិដើមភាពតិចព្នងទូទាំងខេត្តមណ្ឌលគិរីតែម្ដង ដែលបានចូលរួមត្រេកអរ ។ ព្រឹទ្ធាចារ្យសិល្បៈ នាដកីនិមិត្ត ណាន សម័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះរាជហទ័យ ប្រោសប្រទានគោរមថ្នាក់ជាតិដ៏ខ្ពស់ខ្ពស់នេះមកជូនរូបគាត់ ។ ក្នុងនោះដែរ នាដកីនិមិត្ត ណាន សម័យ ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដែលបានជួយលើកស្ទួយប្រពៃណីជនជាតិដើមភាគតិច ។

ព្រឹទ្ធាចារ្យសិល្បៈ ណាន សម័យ បានរម្លឹកថា កន្លងមករូបគាត់បានធ្វើការងារជាច្រើនជាមួយអង្គការផ្សេងៗ ដែលចង់ស្វែងយល់អំពីប្រពៃណីបូរាណរបស់ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរី ហើយក្រោយមកទៀត ក៏បានមករួមការងារជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រហូតទទួលបានគោរមងារថ្នាក់ជាតិនាពេលនេះ ។

លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានបកស្រាយពន្យល់អំពីអត្ថន័យគោរមងារ នាដកីនិមិត្ត មានន័យថា ជាអ្នកប៉ិនប្រសប់ខាងបង្កើតស្នាដៃរបាំ។ លោក សី ទូច បន្តថា ទន្ទឹមនិងវឌ្ឍនៈភាពនៃការអភិរក្សថែរក្សា វប្បធម៌ប្រពៃណីទាំងអស់នេះ មន្ទីរវប្បធម៌ក៏មានទិសដៅបន្ថែមទៀត ក្នុងការផ្ទេរចំណេះជំនាញប្រពៃណីទាំងនេះទៅកាន់យុវជនជំនាន់ក្រោយ ហើយជាមួយគ្នានេះមន្ទីរបានសហការ និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យ តូរ្យតន្ត្រី នឹងរៀបចំឲ្យមានទម្រង់ជាផ្លូវការ ពាក់ព័ន្ធនិងណោតភ្លេងរបស់តន្ត្រីប្រពៃណីបូរាណ ។ លោក សី ទូច ក៏បានអំពាវនាវទៅគ្រប់មជ្ឍដ្ឋានឲ្យជួយរួមគ្នា លើកស្ទួយនិងអភិរក្សសិល្បៈប្រពៃណីវប្បធម៌បូរាណ ហើយការអភិរក្សនិងអភិវឌ្ឍន៍ គឺត្រូវការធនធានជាចាំបាច់ ទាំងធានធានមនុស្ស ធនធានសម្ភារៈ និងធនធានថវិកា ។

គួរម្លឹកថា នាដកីនិមិត្ត ណាន សម័យ បានរៀនសូត្រចំណេះជំនាញសិល្បៈបូរាណជនជាតិដើមភាគតិចព្នង ពីម្ដាយរបស់គាត់តាំងពីកុមារ ប៉ុន្តែពេលនោះចេះតែច្រៀងប៉ុណ្ណោះ ហើយក្រោយមកទៀត ដោយការស្រឡាញ់សិល្បៈ នាដកីនិមិត្ត ណាន សម័យ បានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យផ្សេងទៀតក្នុងភូមិអំពីរបាំផ្សេងៗ និងប្រពៃណីវប្បធម៌ជាច្រើន រហូតអាចចេះស្ទាត់ដូចសព្វថ្ងៃ និងបានបង្រៀនដល់ក្មេងៗជំនាន់ក្រោយទៀតផង ។ បច្ចុប្បន្ននាដកីនិមិត្ត ណាន សម័យ ជាគ្រូបង្រៀនជំនាញរបាំ រាំ ច្រៀង តាមប្រពៃណីជនជាតិដើមភាគតិចព្នង និងជាអ្នកត្បាញកន្សែងក្រម៉ាបែបជនជាតិដើមតិច ក្រៅពីនោះគឺធ្វើស្រែចម្ការ ប៉ុន្តែការងារស្រែចម្ការនេះគាត់ពុំសូវបានទៅទៀតទេ ព្រោះមានជម្ងឺងងឹតភ្នែក និងឈឺជង្គង់មិនអាចដើរបានឆ្ងាយ ៕ (សូមទស្សនាសិល្បៈរបាំបងប្អូនជនជាតិដើមភាគតិចព្នង)

Leave a Reply

Your email address will not be published. Required fields are marked *

You missed