កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះលេខ ២N បុរី Park Villa ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ រួមមានស្ត្រី ៦នាក់។ ក្នុងចំណោមនោះ មាន ជនជាតិវៀតណាម ២៧នាក់ និងបុរសជនជាតិខ្មែរ ១នាក់ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបណ្តាញ រួមទាំងការលួងលោមស្នេហា និងកំហែងទារប្រាក់តាមអ៊ីនធឺណិត។
ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើន រួមមាន ម៉ូនីទ័រ ៣៩គ្រឿង CPU ចំនួន ១១គ្រឿង ទូរស័ព្ទ ១០០គ្រឿង និងស៊ីមកាតជាច្រើនទៀត។
សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវជាមួយភាគីពាក់ព័ន្ធ ដើម្បីវែកមុខមេខ្លោង និងបន្តចាត់វិធានការតាមផ្លូវច្បាប់។ ជនសង្ស័យទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ថែម។ រីឯទីតាំងត្រូវបាន បិទបណ្តោះអាសន្នក្នុងគោលបំណងស្រាវជ្រាវបន្ថែម។
សមត្ថកិច្ចបានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមបច្ចេកវិទ្យាទូទាំងប្រទេស នឹងបន្តអនុវត្តវិធានការតឹងរ៉ឹង និងគ្មានការលើកលែងចំពោះមេខ្លោង និងបណ្តាញឆបោកគ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាពសាធារណៈ និងបង្ក្រាបឧក្រិដ្ឋកម្មតាមបណ្តាញឱ្យមានប្រសិទ្ធភាពបន្តទៀត៕




