ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងចំនួនមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ ដែលហេតុការដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជនរងគ្រោះកំពុងដេកលើ អង្រឹង ក្រោមដើមប័រ ក្នុងភូមិ ពូក្រេង ឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមកំណត់ហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតមានឈ្មោះ អឹម វណ្ណេត ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុនេះ។
ប្រភពបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែ មករា វេលាម៉ោង១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមកខ្ញុំក៏រត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងទិចគាត់ជាច្រើននៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណាទេ។
ឃើញបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្របពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ ឃើញបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញ ចែស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយ មើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ឥឡូវដួលសន្លប់ហើយ ។
ជនរងគ្រោះពីហ្វូងសត្វឃ្មុំបន្តថា ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយហេតុការនេះសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ លើផ្ទៃមុខ និងដងខ្លួន ឃើញថា មានទ្រនិចឃ្មុំចង្អេរ ជាច្រើនលើដងខ្លួន និងផ្ទៃមុខជនរងគ្រោះ សរុប ៦៧ កន្លែង ។ដូច្នេះមន្ត្រីជំនាញ សន្និដ្ឋានថា សពខាងលើពិត ជាបានស្លាប់ ដោយសារឃ្មុំចង្អេរទិច ពិតប្រាកដមែន ៕