ស្ទឹងត្រែង÷នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើករណីចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច (ក្រុមហ៊ុន ឌី.អេស អិម ដាប់បែលយូ ឯ.ក) ។
មានការចូលរួមពីអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុកសៀមប៉ាង ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរ អង្គភាពជំនាញ មេឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់ លោក មុិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានឲ្យដឹងថា÷ការចុះញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ច( ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក) ក៏មាននូវបញ្ហាប្រឈមជាច្រើន
ដោយមានប្រជាពលរដ្ឋចូលកាប់ទន្រ្ទានអនាធិបតេយ្យខុសច្បាប់ច្រើនទីតាំង ហើយមានការរៀបចំជាក្រុម។ លោកប្រធានមន្ទីរក៏បានស្នើឲ្យក្រុមហ៊ុនកាយក្រវ៉ាត់ព្រំដីជុំវិញ នឹងបោះបង្គោល រឹងមាំបន្ថែម នឹង ចុះល្បាតព្រំដីជាប្រចាំការពារការចូលកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ ។
មានប្រសាសន៍ក្នុងពិធី លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក៏ដូចមន្ទីររៀបចំដែនដី ដែលបានខិតខំពន្លឿលើកិច្ចការចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ច( ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក ) និង ដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរវាង ក្រុមហ៊ុន និង ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ ។ ក្នុងនោះ លោក ស្វាយ សំអ៊ាង បានឯកភាពលើការសំណូមពរ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងនសុរិយោដីខេត្តដល់( ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក ) ដើម្បីបញ្ជៀសបញ្ហា ក្រុមហ៊ុន និង ប្រជាពលរដ្ឋ ដែលចូលមកកាប់ទន្ទ្រានឥដី របស់ក្រុមហ៊ុន ៕