(ស្ទឹងត្រែង )៖ នាថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាស្រុកសេសាន បានរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១០៤ នាក់មកពីគណបក្ស ផ្សេងៗ នៅក្នុងឃុំ ទាំង ៦ របស់ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញជា គណៈអធិបតី ដោយ លោក សុវណ្ណ ពិសេដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត នឹងជា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាស្រុកសេសាន នឹង លោក សន នូ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត នឹងជាប្រធាន គណៈចលនាមហាជន ស្រុក នឹងមានការ ចូលរួមពីសំណាក់ សមាជិក សមាជិកាគណបក្សឃុំទាំង៧ ជាច្រើនរូប ។
មានប្រសាសន៍នៅក្នុងពីធីបញ្ចូលសមាជិកគណបក្សថ្មីនេះ លោក សុវណ្ណ ពិសេដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត នឹងជា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាស្រុកសេសាន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹង លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ជូនចំពោះបងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ នឹង កោតសរសើរ ដោយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្ត ស្រុក និង ឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំង ព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។
ក្នុងនោះដែរ លោក ក៏បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះបងប្អូនទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងខ្សែជីវិតមករួមរស់ និងចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាល បានរួមសុខរួមទុក្ខជាមួយប្រជាជន។
លោក សុវណ្ណ ពិសេដ្ឋ ក៏បានបញ្ជាក់បន្ថែមថា÷ ប្រទេសជាតិយើងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅមូលដ្ឋានរបស់ស្រុកសេសាន មានផ្លូវបេតុង មានប្រព័ន្ធទឹកស្អាត ភ្លើង សាលារៀន មន្ទីរ ពេទ្យ និងរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ មានជីវភាពល្អប្រសើរឡើង។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក សន នូ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត នឹងជា ប្រធាន គណៈចលនាមហាជនស្រុក បានមានប្រសាសន៍ជំរុញដល់សមាជិកគណបក្សទាំងអស់ ក្នុងពេលខាងមុខនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចនេះសូមបងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវចេះជួយគាំទ្រគ្នា សហការរួបរួមគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា៕