រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងក្រោយពីទទួលបានព័ត៌មានថា ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិពន្ធនាយកកាសែតសេនាបតីញូស៍ និងជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើបណ្តឹងបទល្មើសព្រហ្មទណ្ឌពីបទក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមអង្គភាពស្ថាប័នរដ្ឋនានា ។
ក.អ.ក សូមបញ្ជាក់ថា សមាជិកភាពរបស់ឈ្មោះ មូល រតនៈ ត្រូវបានព្យួររួចហើយ ហើយយោងតាមលក្ខន្តិកៈរបស់ ក.អ.ក ប្រសិនបើតុលាការរកឃើញភស្តុតាងបទល្មើសពិតប្រាកដមែន ក.អ.ក នឹងលុបឈ្មោះ មូល រតនៈ ចេញពីសមាជិកភ្លាម ។
ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្តងទៀត ដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តអនុវត្តឲ្យបបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាវីវៈ ដើម្បីលើកតម្កើងភាពថ្លៃថ្នូរ និងធានាដល់សេរីភាពសារព័ត៌មាន ។
ក.អ.ក សង្ឃឹមថា សមាជិក សមាជិកាទាំងអស់ នឹងបន្តដំណើរជាមួយ ក.អ.ក ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឲ្យស្ថាប័ន ក.អ.ក នៅតែរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរសមជាសមាគមសារព័ត៌មាន ដែលឈានមុខគេនៅកម្ពុជា ។
សូមជម្រាបថា កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ នានា ។
ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។
បន្ទាប់ពីការសាកសួរ ជនសង្ស័យ បានសារភាពពីការប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ចាប់តាំងពីឆ្នាំ២០២១ មក បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរ ក្នុងនោះក៏បានក្លែងជាបុគ្គលិក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន យកទៅភ្ជាប់សារ Telegram និង WhatsApp ដើម្បីទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័នរដ្ឋនានា ដើម្បីសុំប្រាក់ចុះបេសកកម្ម និងគំរាមកំហែងថា នឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរនឹងប្រាក់ ៕