(ខេត្តក្រចេះ)៖ រថយន្តសាំងយ៉ុងកែច្នៃដឹកឈើល្មើសច្បាប់ពេញៗព្រៀបពីរគ្រឿង ក្នុងនោះមួយគ្រឿងត្រូវមន្ត្រីការពារព្រៃឈើស្នាក់ចាប់ជាប់ និងមួយគ្រឿងទៀតរត់រួច ខណៈពួកគេមិនបានស្តាប់តាមការហាមឃាត់ ហើយបានព្យាយាមបើកបុកទម្លុះបារ៉ាសព្រំដែនចូលទៅទឹកដីវៀតណាម ត្រែត្រូវមន្ត្រីជំនាញបើករថយន្តពាំងជាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចលើផ្លូវគ្រួសក្រហម ចូលទៅច្រកព្រំដែនអូរលាវ ហៅច្រករបៀងដេ១ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តដឹកឈើទាំងពីគ្រឿងខាងលើនេះ មុននឹងមកដល់ប៉ុស្តិ៍ការពារព្រំដែន ពួកគេបានបើករត់គេចពីការតាមចាប់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអធិការមេគង្គស្រុកស្នួល ដោយបានបើកសំដៅចូលទៅព្រំដែនវៀតណាម តាមច្រកអូតាលាវ ហៅច្រករបៀងដេ១។ លុះបើករត់មកដល់ច្រករបៀងខាងលើនេះ រថយន្តដឹកឈើមួយគ្រឿងបានបើកឆ្លងប៉ារ៉ាស់ទៅបាត់។ រីឯមួយគ្រឿងទៀត បានបុកប៉ារ៉ាស់របស់មន្ត្រីយោធាព្រំដែន និងបានបុករថយន្តមន្ត្រីរដ្ឋបាលព្រៃឈើ នៃអធិការដ្ឋានមេគង្គ រងការខូចខាតផ្នែកខាងឆ្វេង ចំណែករយន្តជនល្មើសរបូតកង់ក្រោយទៅមុខលែងរួច ត្រូវមន្ត្រីជំនាញក្របួចជាប់។
បន្ទាប់ពីកើតហេតុ ទាំងរថយន្តនិងឈើត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខ្សឹម រងចាំចំណាត់ការតាមនីតិវិធី។ ដោយឡែក អ្នកបើកបររថយន្តដឹកឈើ បានចុះពីរថយន្តរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ យ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើ ដែលប៉ះទង្កិចនឹងក្រុមឈ្មួញឈើមិនមានគ្រោះថ្នាក់អ្វីឡើយ ដោយខូចខាតតែរថយន្តប៉ុណ្ណោះ៕ អត្ថបទ+រូបភាព៖ ភ្នាក់ងារកោះខ្មែរ