មណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បាននិងកំពុងសាទរជាខ្លាំងចំពោះសមទ្ធិផលរីកដុះដាលថ្មីៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលភាពរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យខេត្តមណ្ឌលគិរីកាន់តែស្រស់ស្អាត ក៏ដូចជាទាក់ទាញអ្នកទេសចរយ៉ាងច្រើនផងដែរ ។

ពលរដ្ឋនៅក្រុងសែនមនោរម្យបានលើកឡើងថា នាពេលបច្ចុប្បន្ននេះបានកត់សម្គាល់ឃើញនៅទូទាំងខេត្ត ពិសេសក្នុងក្រុងសែនមនោរម្យផ្ទាល់តែម្ដង បានកើកចេញសមទ្ធិផលថ្មីជាច្រើន ពិតជាមានទាក់ទាញជាងមុន ចំណែកប្រព័ន្ធផ្លូវថ្នល់ផ្សេងៗក៏មានការជួសជុលពង្រីក ក៏ដូចជាស្ថាបនាថ្មីផងដែរ ។

ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលខិតខំដឹកនាំអភិវឌ្ឍន៍បង្កើតឲ្យមានសមទ្ធិផលទាំងនេះ ។
យើងបានកត់សម្គាល់ឃើញទៀតថា ខេត្តមណ្ឌលគិរីប្រហែល១០ឆ្នាំចុងក្រោយ កាន់តែមានឈ្មោះល្បីសុះសាយ ខ្លាំងឡើង ព្រោះតែមានប្រព័ន្ធផ្លូវថ្នល់យ៉ាងល្អ តភ្ជាប់ពីបណ្ដាខេត្តផ្សេងៗមកកាន់ខេត្តមណ្ឌលគិរី ក្នុងនោះមណ្ឌលគិរី ក៏មានអាកាសល្អ ថែមទាំងមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ទៀតផង ។

ចំពោះភាពរីកចម្រើននានាវិញ មណ្ឌលគិរីចាប់ផ្ដើមរីកដុះដាលផ្នែកហេដ្ឋារចនាសម្ព័ន្ធច្រើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយ នៅពេលឯកឧត្ដម ស្វាយ សំអ៊ាង ជាអភិបាលខេត្តមណ្ឌលគិរី ហើយបន្ទាប់មកក្រោយពេលឯកឧត្ដម ថង សាវុន មកកាន់តំណែងជាអភិបាលខេត្តវិញម្ដងនោះ សមទ្ធិផលថ្មីៗច្រើនបន្ថែមទៀត បាននិងកំពុងស្ថាបនាឡើង ពិសេសក្នុងក្រុងសែនមនោរម្យ ដែលសុទ្ធសឹងតែជាសមទ្ធិផលបម្រើដល់ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ក្នុងនោះរួមមានការស្ថាបនាផ្លូវ ការពង្រីកផ្លូវជាច្រើនខ្សែ ការសាងសង់សួនច្បារនៅចំណុចរង្វង់គោព្រៃ កែលម្អចំណុចវិមានឯករាជ្យ សង់រង្វង់មូលរូបសំណាក់មេទ័ពជនជាតិភាគតិច និងការស្ថាបនាបឹងទំនប់លើ ទំនប់ក្រោម ឲ្យក្លាយទៅជាគោលដៅទេសចរណ៍យ៉ាងស្រស់ស្អាតជាដើម ។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជ្រកក្រោមម្លប់សន្តិភាព ខេត្តមណ្ឌលគិរីដែលធ្លាប់តែជាតំបន់ដាច់ស្រយ៉ាលគ្មានផ្លូវធ្វើដំណើរ ហាក់បីនៅឆ្ងាយខ្លាំងណាស់ពីបណ្ដាខេត្តផ្សេងៗ ពេលនេះបានប្រែមុខមាត់ថ្មី បាននិងកំពុងរីកចម្រើនគ្រប់វិស័យ ពិសេសគឺមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ កំណត់ជាប៉ូលសេដ្ឋទី៤របស់ប្រទេសកម្ពុជាទៀតផង ។

សូមបញ្ជាក់ដែរថា ខេត្តមណ្ឌលគិរី ក្រៅតែពីវិស័យទេសចរណ៍ មណ្ឌលគិរីក៏ជាដែនដីកសិកម្មយ៉ាងអំណោយផល ដោយបន្លែផ្លែឈើដែលដាំដុះលើដីក្រហមនៃខេត្តភាគឥសាន្តមួយនេះ ត្រូវបានមហាជនវាយតម្លៃថាមានរសជាតិឆ្ងាញ់ប្លែកខុសគេ ចំណែកនៅក្នុងដីវិញក៏សម្បូរទៅដោយធនធានរ៉ែជាច្រើនប្រភេទ ពិសេសគឺរ៉ែមាស ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed