សិស្សរៀនថ្នាក់ទី១២ម្នាក់ នៅវិទ្យាល័យហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ត្រូវបានរថយន្តធុនធំដឹកគ្រឿងសំណង់រអិលផ្លូវចំណោតកិនស្លា-ប់ តែរហូតមកទល់ពេលនេះ រយៈពេលជាងមួយឆ្នាំហើយ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ នាថ្ងៃទី០៥ កញ្ញា ២០២៣ ។
លោកហេន ទូច អាយុ៤០ឆ្នាំ រស់នៅភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ កញ្ញា នេះថា ដោយសារកត្តាជីវភាពខ្វះខាត គាត់បានចេញទៅប្រកបរបរលក់ដូរនៅរាជធានីភ្នំពេញ ដើម្បីយកថវិកាមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដើម្បីចិញ្ចឹមកូនប្រុសចំនួន៣នាក់ក្នុងនោះ កូនដែលស្លា-ប់ឈ្មោះហេន ម៉េងហ៊ុយ អាយុ១៨ឆ្នាំ គឺជាកូនបងគេ។
បុរសរូបនេះបានរំលឹកថា កាលពីព្រឹកថ្ងៃទី០៣ ឧសភា ២០២២ កូនប្រុសរបស់គាត់បានមករៀនធម្មតា ក្នុងពេលនោះ កូនគាត់បានជិះម៉ូតូម៉ាកឌ្រីមសរសេរ 125 មួយគ្រឿង ដោយមានមិត្តភក្កិឈ្មោះស្រៀង ពន្លឺ អាយុប្រហែល១៨ឆ្នាំ ជាអ្នកឌុប គឺក្នុងគោលបំណងឡើងលើភ្នំហាន់ជ័យ មកទិញបាយហូប ។
ប៉ុន្តែម៉ូតូជិះឡើងផ្លូវចំណោតក្រោមដំណក់ទឹកភ្លៀងស្រិចៗ និងមានរថយន្តមួយគ្រឿងដឹកគ្រឿងសំណង់ពាក់ស្លាកលេខកំពង់ចាម3A-7146 ដោយមានសរសេរអក្សរH.C នៅហ្នឹងកញ្ចក់រថយន្ត ដែលបើកឡើងចំណោត មិនរួចជាហេតុបណ្ដាលឱ្យរអិលមកបុកម៉ូតូនិងកិនកូនរបស់គាត់ឈ្មោះម៉េង ហ៊ុយ ស្លាប់កៀបជាប់នឹងរថយន្តដែលក្រឡាប់ផ្ងារជើង ។ ចំណែកមិត្តភក្កិរបស់កូនដែលជាអ្នកឌុបបានរងរបួសផងដែរ។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងត្រូវបានសាច់ញាតិទូរស័ព្ទប្រាប់គាត់ដែលកំពុងតែលក់ដូរនៅរាជធានីភ្នំពេញ គ្រាន់តែឮគេប្រាប់ថា កូនគាត់ស្លាប់គឺក្នុងចិត្តរន្ធត់ទន់ដៃទន់ជើងនិងយំបង្ហូរទឹកភ្នែកដោយមិនដឹងខ្លួន។ រួចក៏បានធ្វើដំណើរមកផ្ទះយកសាកសពកូនរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្នុងករណីនេះ គាត់បានរៀបចំដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដោយប្ដឹងទាសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ។ តែករណីនេះ បានកើតឡើងរហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ គឺនៅមិនទាន់មានដំណោះស្រាយណាមួយពីភាគីក្រុមហ៊ុនរថយន្តនោះនៅឡើយទេ ។
ដោយសារតែពុំទាន់ទទួលបានយុត្តិធម៌បែបនេះ រូបលោកគ្រោងហ្នឹងរៀបចំដាក់ពាក្យបណ្ដឹងមកកាន់ក្រុមមេធាវីរបស់សម្ដេចតេជោនៅក្នុងខេត្តកំពង់ចាម ដើម្បីឲ្យជួយអន្តរាគមន៍ផ្នែកផ្លូវច្បាប់ព្រោះគាត់មានជីវភាពខ្សត់ខ្សោយ ។
ចំណែកមន្ត្រីនគរបាលចរាចរណ៍ស្រុកកំពុងសៀមវិញប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៣ថា ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ហាន់ជ័យ បានចុះទៅពិនិត្យនិងអន្តរាគមន៍ឃាត់អ្នកបើករថយន្តភ្លាមៗហើយជំនាញចរាចរណ៍បានទៅដល់តាមក្រោយនឹងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីសួរនាំរួចបំពេញបែបបទបញ្ជូនទៅកាន់តំណាងអយ្យាការអមសាលាដំបូងខេត្តព្រមទាំងបានចេញដេកាឃុំខ្លួនដាក់ពន្ធនាគាររហូតមកដល់ពេលនេះ។
ចំណែកម្ចាស់ម៉ូតូបានមកសុំម៉ូតូព្រមទាំងបានទទួលសំណងមួយចំនួនត្រឡប់ទៅវិញផងដែរ។ហើយតំណាងក្រុមហ៊ុនរថយន្តនេះក៏មិនបានចេញមុខមកដោះស្រាយជាមួយភាគីអ្នកស្លាប់ ចំណែករថយន្តត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមរហូតមកដល់សព្វថ្ងៃ។
ដកស្រង់ពី kohsantepheapdaily