ខេត្តក្រចេះ៖ អភិបាលរងស្រុកស្នួលម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយរថយន្តធ្លាក់ពីលើផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២ និង៣០នាទី ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨ ស្ថិតនៅក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនោះ មានឈ្មោះ នូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអភិបាលរងស្រុកស្នួល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ មុនពេលកើតហេតុបានបើករថយន្តធ្វើដំណើរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ដែលមានរថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R 5300 បើកបរបរក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតរអិលធ្លាក់ផ្លូវ ហើយក៏ក្រឡាប់រថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកតែម្ដង។
បបច្ចុប្បន្ន សពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅរថយន្តពេទ្យដឹកយកទៅប្រគល់ឲ្យបងប្អូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕