មណ្ឌលគិរី៖ លោក ហ៊ាង ឆៃលី ដែលអ្នកខេត្តមណ្ឌលគិរី ស្គាល់ថា ជាអាជីវករដ៏មានឥទ្ធិពលម្នាក់នៅក្នុងខេត្តនេះ បានធ្វើរបងថ្មរំលោភចូលអូរធម្មជាតិ មិនគោរពច្បាប់ និងមិនញញើតសូម្បីតែអយ្យការអមសាលាដំបូងខេត្ត ធ្លាប់បានបញ្ចូនលោកព្រះរាជអាជ្ញារងម្នាក់ដើម្បីសម្របសម្រួលនីតិវិធី ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញចុះត្រួតពិនិត្យ ណែនាំឲ្យរុះរើសំណង់រឹងរំលោភយកដីអូរនេះចេញ ក៏អាជីវកររូបនេះមិនខ្វល់ ដោយសំណង់រឹងដែលជារបងថ្ម រហូតមកទល់នឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតែគង់វង្សដដែល។
សំណង់របងថ្មរំលោភយកអូរសារធាណៈនេះមានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី ត្រូវបានសាងសង់ឡើងជាច្រើនខែមកហើយ រហូតដល់មន្ត្រីជំនាញចេញលិខិតឲ្យបញ្ឍប់ និងរុះរើចេញវិញជាកំហិតទៀតផង ប៉ុន្តែម្ចាស់ទីតាំងខាងលើមិនសហការក្នុងការរុះរើចេញវិញ ទើបមន្ត្រីជំនាញបានបញ្ជូនករណីនេះទៅតុលាការ ហើយទោះបីករណីនេះបានបញ្ជូនទៅតុលាការរួចហើយក្ដីក៏ម្ចាស់ទីតាំង នៅតែរក្សាសំណង់របងថ្មដែលសង់រំលោភចូលអូរធម្មជាតិដដែល មិនធ្វើការរុះរើចេញនោះទេ ។
ជុំវិញករណីនេះ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានផ្ដល់ព័ត៌មានខ្លីតាមទូរសព្ទថា ចំពោះសំណុំរឿងរបស់ឈ្មោះ ហ៊ាង ឆៃលី គឺកំពុងស្ថិតនៅដំណាក់កាលរបស់តំណាងអយ្យការ។
ទាន់ទិនបញ្ហានេះដែរ លោក ហ៊ាង ឆៃលី ម្ចាស់ទីតាំងដែលបានសង់សំណង់រំលោភចូលអូរធម្មជាតិ បានប្រាប់តាមទូរសព្ទថា ចំពោះសំណង់ដែលសង់ចូលអូរនេះគឺលោកបានធ្វើកិច្ចសន្យាប្រគល់ជូនរដ្ឋវិញរួចអស់ហើយ មិនពាក់ព័ន្ធនិងលោកទៀតនោះទេ
។
ររម្លឹកដែរថា នៅក្នុងប្រតិបត្តិការចុះពិនិត្យសំណង់រំលោភអូរធម្មជាតិរបស់ឈ្មោះ ហ៊ាង ឆៃលី ប្រហែលជិត២ខែមុន មន្ត្រីជំនាញបានពិនិត្យឃើញម្ចាស់ទីតាំងបានសងរបងថ្មរំលោភយកចំណីអូរ និងអាក់របស់អូរទាំងស្រុងតែម្ដង ដែលអាចបង្កផលប៉ះពាល់បាក់ស្រុតដីចំណីអូរ ផ្នែកត្រើយម្ខាង ប្រសិនមានទឹកហូរបុកខ្លាំង ។ ហើយមុនពេលមន្ត្រីជំនាញបញ្ជូនសំណុំរឿងមួយនេះទៅតុលាការ មន្ត្រីជំនាញក៏ធ្លាប់បានលិខិតផ្អាក និងឲ្យម្ចាស់ទីតាំងរុះរើចេញជាកំហិតរហូត២លើកផងដែរ ។
ទន្ទឹមនេះ បើសង្កេតមើលតាមស្ថានភាពជាក់ស្ដែង ម្ចាស់ទីតាំងមិនត្រឹមសង់សំណង់ចូលអូរធម្មជាតិដោយមិនញញើតពីចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាននោះទេ សូម្បីបង្គន់អនាម័យក៏ម្ចាស់ទីតាំងបានសង់នៅមាត់អូរ ថែមទាំងរៀបចំប្រព័ន្ធបង្ហូរកាកសំណល់ពីតៅក្រឡុកស៊ីម៉ង់ ចូលមកអូរធម្មជាតិនេះទាំងស្រុងទៀតផង ដែលទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់ធនធានជាតិ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យប្រភពទឹកអូរនេះជាខ្លាំង ៕