ឧត្តរមានជ័យ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ដែលជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម។ ក្រៅពីនេះសមាគមននេះក៏ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈផងដែរ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដម ហ៊ុន ម៉ាណែត ថ្លែងថា ការជួបជុំថ្ងៃនេះគឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអ៊ំពូមីងអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង, គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។ ឯកឧត្ដមបានមានប្រសសាន៍ថា ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២ សំខាន់ គឺជីវភាព និងកិត្តិយស។
ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម, សេវាសុខាភិបាល, ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង៕